ឆ្នាំ២០១៣ គឺជាឆ្នាំចុងក្រោយ នៃការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទទី២ និងក៏ជាឆ្នាំអនុវត្តយុទ្ធសាស្ត្រចតុកៅណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ មុតមាំ និងគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
មកទល់ពេលនេះ ការងារបង្កបង្កើនផលស្រូវរដូវវស្សា និងរដូវរប្រាំងត្រូវបានបញ្ចប់ការដាំដុះជាស្ថាពរ និងឈានដល់ពេលកំណត់ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រារព្វធ្វើសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០១៣-២០១៤ និងលើកទិសដៅសម្រាប់អនុវត្តឆ្នាំ២០១៤-២០១៥ ដើម្បីឆ្លុះបញ្ចាំងឱ្យឃើញអំពីសមិទ្ធិផលដែលសម្រេចបានជាវិជ្ជមាន ក៏ដូចជាការប្រមូលផ្តុំនូវមតិយោបល់ ទស្សនៈទៅលើបណ្ហាប្រឈមមុខងឡាយនិងការវិភាគចែករំលែកលើបទពិសោធន៍ល្អៗ ជាពិសេសការផ្តល់អនុសាសន៍គន្លឹះដ៏មានតម្លៃរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ដើម្បីជាត្រីវិស័យក្នុងការរៀបចំជាចក្ខុវិស័យ ជាយុទ្ធសាស្ត្រនិងលើកទិសដៅអនុវត្តបន្តនៅឆ្នាំបន្ទាប់ ឱ្យមានលក្ខណៈប្រទាក់ក្រឡាគ្នា ទៅនឹងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា។
http://www.maff.gov.kh/images/11-6-201800-1.jpg
នារយៈពេលមួយឆ្នាំកន្លងមកនេះ បើទោះបីជាបានជួបប្រទះនូវគ្រោះទឹកជំនន់ធ្ងន់ធ្ងរជាបន្តបន្ទាប់ (ទន្លេមេគង្គ និងទឹកភ្លៀង) កង្វះខាតទឹកនៅពាក់កណ្តាលរដូវវស្សា និងសត្វល្អិតនៅក្នុងខេត្តមួយចំនួន មានខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ចាម កំពង់ឆ្នាំង កំពង់ធំ កណ្តាល កោះកុង ក្រចេះ ព្រះវិហារ ព្រៃវែង ពោធិ៍សាត់ មណ្ឌលគិរី សៀមរាប ស្ទឹងត្រែង រតនគិរី ស្វាយរៀង តាកែវ ឧត្តរមានជ័យ ប៉ៃលិនព្រមទាំងរាជធានីភ្នំពេញ រួមទាំងឥទ្ធិពលបន្សល់ពីវិបត្តហិរញ្ញវត្ថុ និងសេដ្ឋកិច្ចពិភពលោក ដែលនៅមិនទាន់មានភាពប្រាកដប្រជានៅឡើយ តែក្រោមការខិតខំប្រឹងប្រែងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទតាមការណែនាំ និងតម្រង់ទិស ក៏ដូចជាវិធានការឆ្លើយតបយ៉ាងមានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាល និងដោយមានការចូលរួមដ៏សកម្ម ពីគ្រប់ក្រសួងស្ថាប័ន អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធនិងប្រជាកសិករទូទាំងប្រទេស ព្រមទាំងការរួមចំណែកពីដៃគូអភិវឌ្ឍន៍ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានខិតខំប្រឹងប្រែងធ្វើឱ្យផលិតកម្មកសិកម្ម នៅតែមានការកើនឡើងគួរឱ្យកត់សម្គាល់។
ជាក់ស្តែងស្រូវរដូវវស្សាឆ្នាំ២០១៣នេះ ពិតមែនតែមានភាពមិនប្រក្រតីនៃគ្រោះធម្មជាតិ ក៏ស្ថានភាពផលិតកម្មកសិកម្ម ជារួមមានកម្រិតល្អទូទាំងប្រទេស។យើងបានដាំដុះស្រូវរដូវវស្សាលើផ្ទៃដីជិត២,៥៧លានហតដែលមានទិន្នផលជាមធ្យមចំនួន២,៩២៥/ហត ដោយទទួលបរិមាណផលសរុបជាង៧,២៧លានតោន និងស្រូវរដូវវស្សាឆ្នាំ២០១៣-២០១៤ លើផ្ទៃដីប្រមាណ៤៨៤ពាន់ហត ដែលមានទិន្នផលជាមធ្យម៤,៣៨៣ត/ហតដោយទទួលបានបរិមាណផលសរុបជិត២,១២លានតោន។
សរុបទាំងរដូវវស្សា និងរដូវប្រាំង យើងអនុវត្តបានលើផ្ទៃដីសរុប៣,០៥២លានហត ដោយទទួលបរិមាណផលសរុបប្រមាណ៩,៣៩លានតោនស្រូវនិងទិន្នផលមធ្យមប្រចាំឆ្នាំ៣,១៦៣ត/ហត។ជារួមតុល្យភាពស្បៀងនៅសល់ប្រមាណ៣,០៩លានតោនអង្ករ គិតជាស្រូវជាង៤,៨លានតោនលើសឆ្នាំមុន៩៣ពាន់តោនស្រូវនិងខ្ពស់ជាងមធ្យមភាគ១០ឆ្នាំកន្លងមកប្រមាណ១,៣លានតោនអង្ករ ដែលនេះជាជោគជ័យមួយធំធេងរបស់កម្ពុជា។
ការពិសោធន៍ស្រាវជ្រាវដំណាំ ការស្វែងរបច្ចេកទេសសមស្របដើម្បីយកទៅផ្សព្វផ្សាយជូនប្រជាកសិករប្រើប្រាស់ក្នុងការធ្វើប្រពលវប្បកម្មដំណាំ កំពុងត្រូវបានដំណើការយ៉ាងផុសផុល ពិសេសការអនុវត្តការងារពិសោធន៍ស្រាវជ្រាវលើដំណាំស្រូវយ៉ាងសកម្មនៅ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា តាមកសិដ្ឋានស្ថានីយ៍ មណ្ឌលអភិវឌ្ឍកសិកម្ម និងស្រែកសិករ មានជាអារទិ៍ ការពិសោធន៍ពាក់ព័ន្ធនឹងប្រសិទ្ធភាពនៃការប្រើប្រាស់ជី ការពិសោធន៍ប្រៀបធៀបពូជ ការពិសោធន៍បន្សាំពូជនិងការពិសោធន៍អំពីវិធីសាស្ត្រដាំដុះដំណាំផ្សេងៗទៀត។
ការធ្វើបង្ហាញទិវាស្រែ និងការរៀបចំទស្សនៈកិច្ចសិក្សា ដោយមានកសិករចូលរួមត្រូវបានអនុវត្តយ៉ាងសកម្ម និងបានបញ្ចេញពូជស្រូវថ្មីមួយទៀតឈ្មោះដំណើបស្បៃមង្គល ជូនកសិករប្រើប្រាស់។ ផ្លែផ្កាដែលលេចចេញពីការសម្រួចសកម្មភាពរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួង ស្ថាប័នពាក់ព័ន្ធក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញផលិតកម្មស្រូវនិងនាំចេញអង្ករ បាននិងកំពុងរីកចម្រើនគួរឱ្យកត់សម្គាល់។
គួរកត់សម្គាល់ផងដែរថា ការនាំចេញអង្ករកម្ពុជាកំពុងស្ថិតនៅលើនិន្នាការកើនឡើងជាលំដាប់ ជាពិសេសនៅឆ្នាំ២០១៣កន្លងមកនេះ អង្ករប្រមាណជាង ៣៧៨ ពាន់តោនត្រូវបាននាំចេញទៅកាន់៦៦ប្រទេសរួចទៅហើយ។ ជាមោទនៈមួយទៀតគឺអង្ករពូជផ្ការំដួលត្រូវបានពិភពលោកទទួលស្គាល់ថាល្អជាងគេក្នុងពិភពលោកក្នុងឆ្នាំ២០១២និងឆ្នាំ២០១ជាប់ៗគ្នា។ ចំពោះដំណាំរួមផ្សំនិងដំណាំឩស្សាហកម្មសំខាន់ៗ ក៏មានការកើនឡើងលើសឆ្នាំមុន។ ជារួមឈានមកដល់ពេលបច្ចុប្បន្នការងារបង្កបង្កើនផលដំណាំឆ្នាំ២០១៣-២០១៤នេះ ទទួលបានផលល្អប្រសើរ។ដោយឡែក ផលិតកម្មសត្វនៅកម្ពុជាជាពិសេស គោក្របី និងបក្សាបក្សីមានការអភិវឌ្ឍន៍គួរកត់សម្គាល់។ ដោយធ្វើការប្រៀបធៀបផលិតកម្មសត្វពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៣ ឃើញថាផលិតកម្មគោថយចុះប្រមាណ៤,១៦% ក្របីថយចុះ ៥,៧៦%។ការថយចុះនេះគឺ បណ្តាលមកពីមួយផ្នែកធំ ដោយសារការប្រើប្រាស់គ្រឿងយន្តក្នុងផលិតកម្ម កសិកម្មជំនួសឱ្យការប្រើប្រាស់កម្លាំងអូសទាញគោ ក្របី (នៅឆ្នាំ២០១៣ ការភ្ជួររាស់ដោយគោ ក្របីមានចំនួន០,៩៦លានហត ស្មើនឹង៣០% នៅខណៈដែលការភ្ជួររាស់ដោយត្រាក់ទ័រ-គោយន្តមានចំនួន២,៣១លានហត ស្មើនឹង៧០%)។ ការចិញ្ចឹមបក្សីពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៣មានការកើនឡើងយ៉ាងខ្លាំងរហូតដល់ ៣៥,៣% គឺពី២០,១៩លានក្បាល ដល់ ២៧,៣២លានក្បាល។
ចំពោះដំណាំអចិន្ត្រៃដូចជា កៅស៊ូ ស្វាយចន្ទី ដំណាំឈើហូបផ្លែផ្សេងៗ និងចម្ការ។ល។ កំពុងមានការរីកចម្រើនជាបន្តបន្ទាប់ជាលក្ខណៈគ្រួសារ និងជាលក្ខណៈវិនិយោគខ្នាតតូច មធ្យម និងធំ។ គួរកត់សម្គាល់ថាមកដល់ឆ្នាំ២០១៣ ផ្ទដីដាំដុះកៅស៊ូទូទាំងប្រទេសប្រមាណ០,៣៣លានហត គឺកើនឡើង១៧,៣% ប្រៀបធៀបទៅនឹងឆ្នាំ២០១២ ក្នុងនោះការអភិវឌ្ឍន៍វិស័យកៅស៊ូគ្រួសារមានការអភិវឌ្ឍន៍តាមសន្ទុះមួយគួរឱ្យចាប់អារម្មណ៍។ ចំណែកឯវិស័យជលផល ការធ្វើនេសាទទឹកសាបបានកើនឡើង៣,៧% គឺពី៥០៩ពាន់តោននៅឆ្នាំ២០១២ ដល់ប្រមាណ៥២៨ពាន់តោននៅឆ្នាំ២០១៣ ហើយការធ្វើនេសាទសមុទ្រសម្រេចបាន១១០ពាន់តោនកើនលើសមុនឆ្នាំមុន១១%។
ការអភិវឌ្ឍវារីវប្បកម្ម ដូចជាការចិញ្ចឹមត្រី បង្គា សម្រេចបាន៩ម៉ឺនតោន កើនលើសឆ្នាំមុន ២១,៦% និងសហគមន៍នេសាទមានចំនួន៥១៦សហគមន៍ត្រូវបានបង្កើត ក្នុងនោះ៣៦០សហគមន៍ បានចុះបញ្ជីទទួលស្គាល់ជាផ្លូវការនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួចហើយ។
ចំពោះការវិវឌ្ឍនរីកចម្រើននៃវិស័យជលផល យើងអាចវាយតម្លៃជាជំហានជាដំបូងថា ការកែទម្រង់ស៊ីជម្រៅវិស័យជលផលដំណាក់កាលទី២របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រីដែលបានសម្រេចលុបឡូត៍នេសាទទាំងអស់ ទុកសម្រាប់ប្រជាពលរដ្ឋធ្វើនេសាទជាលក្ខណៈគ្រួសារ និងធ្វើជាកន្លែងអភិរក្សជលផល កំពុងបានផ្តល់ផលជាវិជ្ជមានដល់ប្រជាពលរដ្ឋទូទាំងប្រទេសពិសេសការកើនឡើងផលនេសាទតាមគ្រួសារ ដែលមានប្រជានេសាទប្រមាណ១,៥លាននាក់កំពុងចូលរួម។
ការពង្រឹងការអនុវត្តច្បាប់ស្តីពីព្រៃឈើ និងច្បាប់ស្តីពីជលផល កំពុងត្រូវបានយកចិត្តទុកដាក់ និងកាត់បន្ថយឱ្យបានជាអតិបរមានូវគ្រប់រូបភាពនៃបទល្មើសផ្សេងៗក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ។
ទន្ទឹមនឹងអនុវិស័យខាងលើ (ផលិតកម្មដំណាំស្រូវ ផលិតកម្ម និងបសុព្យាបាល ផលិតកម្មដំណាំកៅស៊ូ រុក្ខកម្ម ជលផល) ផ្នែកសេវាកម្ម និងការគាំទ្រផ្សេងៗក៏បានសម្រេចនូវលទ្ធផលការងារតាមផ្នែកនីមួយៗបានល្អប្រសើរ ស្របតាមគោលការណ៍ និងទិសដៅរបស់រាជរដ្ឋាភិបាលដូចជាការងារវិនិយោគសាធារណៈ ការរៀបចំគម្រោងសម្រាប់អភិវឌ្ឍន៍វិស័យកសិកម្មការងារវិនិយោគផ្នែកឯកជនលើវិស័យកសិកម្ម មានការកើនឡើង ការងារស្រាវជ្រាវនិងផ្សព្វផ្សាយបច្ចេកទេសកសិកម្មកាន់តែទូលំទូលាយ កិច្ចសហប្រតិបត្តិការអន្តរជាតិកាន់តែល្អប្រសើរឡើងនិងការរៀបចំលិខិតបទដ្ឋានច្បាប់ លិខិតបទដ្ឋានក្រោមច្បាប់ ដែលពាក់ព័ន្ធនឹងវិស័យកសិកម្ម ត្រូវបានធ្វើកាន់តែច្រើនផងដែរ។
តាមការរៀបរាប់ខាងលើ យើងអាចវាយតម្លៃបានថា បរិមាណផលិតកម្មស្រូវមានការកើនឡើង បើប្រៀបនឹងឆ្នាំកន្លងមក ជារួមការងារបង្កបង្កើនផលកសិកម្មមួយឆ្នាំទៅមួយឆ្នាំកំពុងវិវឌ្ឍន៍ល្អប្រសើរនិងមានការចាប់អារម្មណ៍ខ្ពស់ពីប្រជាកសិកររបស់យើង។
ជារួមសមិទ្ធផល ដែលសម្រេចបានដូចក្នុងរបាយការណ៍លម្អិតនវ គឺជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ដៃគូអភិវឌ្ឍន៍នានា និងការចូលរួមយ៉ាងសស្រាក់សស្រាំរបស់ប្រជាពលរដ្ឋផងដែរ។
ជាសន្និដ្ឋាន កសិកម្មកម្ពុជាសម្រេចបាននូវលទ្ធផលល្អប្រសើរ ដោយសារការដាក់ចេញ និងអនុវ
ត្តប្រកបដោយភាពឈ្លាសវៃ និងម៉ឺងម៉ាត់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ត្តប្រកបដោយភាពឈ្លាសវៃ និងម៉ឺងម៉ាត់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។